iPhone ជាប់ iCloud តើអាចដោះស្រាយបានទេ?
ឧបករណ៍ iOS ដែលកំពុងប្រឈមនឹងបញ្ហា iCloud Activation Lock ភាគច្រើនជាប្រភេទ iPhone ដែលទិញបន្តពីអ្នកដទៃ ឬទិញមួយទឹកពីហាងលក់ទូរស័ព្ទនានា ។ នេះជាចំណុចសំខាន់ដែលលោកអ្នកចាំបាច់ត្រូវនឹង មុននឹងសម្រេចចិត្តទិញ iPhone ប្រភេទនោះ ព្រោះថាប្រសិនបើវាជាប់ iCloud (ភាសាសាមញ្ញ) អ្នកនឹងមិនអាចប្រើ iPhone នោះទៀតបានទេ សូម្បីតែតេទៅកាន់នរណាម្នាក់ក៏មិនបានដែរ កុំថាដល់ការដំឡើងកម្មវិធីពី AppStore បានទេ ឬប្រើប្រាស់ Mail និងអ្វីៗផ្សេងទៀតដែលមាននៅក្នុងទូរស័ព្ទនោះ ។
ហេតុអ្វី Apple ដាក់ឲ្យជាប់បែបនេះធ្វើអ្វី?
ហេតុផលដ៏ត្រឹមត្រូវ និងសមហេតុសមផលជាងគេនោះគឺ សុវត្ថិភាព វាគឺជាចំណុចសំខាន់ដែល Apple និងអ្នកប្រើប្រាស់ទាំងឡាយ ត្រូវគិតឲ្យមែនទែនពីបញ្ហានេះ ។ ឧទាហរណ៍៖ បើលោកអ្នកជ្រុះបាត់ iPhone ហើយក្នុងនោះមានព័ត៌មាន ឬឯកសារសំខាន់ដែលមិនអាចឲ្យនរណាមើលបាន ឬបែកធ្លាយជាសាធារណៈឡើយ ចុះបើគេមានសិទ្ធិបើកមើលបាន ដោយគ្រាន់តែ Restore ឬ Update iOS ទៅជំនាន់ដទៃ? បញ្ហាធំកើតមានឡើង! នរណាទទួលខុសត្រូវ? នេះជាមូលហេតុដ៏សំខាន់ដែល Apple ត្រូវកំណត់ត្រង់ចំណុចនេះឲ្យខ្លាំង ដែលមិនមាននរណាមានសិទ្ធិក្នុងការប្រើប្រាស់ iPhone នោះទៀតបានទេ ។ធ្វើដូចម្តេចទើបដឹងថាជាប់ iCloud?
ដើម្បីដឹងថា iPhone/iPad របស់អ្នកជាប់ iCloud ឬទេជាដំបូងអ្នកត្រូវដឹងពីលេខ Serial ឬ IMEI របស់ iPhone/iPad របស់អ្នកជាមុនសិន។ ដើម្បីដឹងលេខ Serial ឬ IMEI សូមចូលទៅ Setting => General => About អ្នកនឹងឃើញលេខ Serial និង IMEI ដូចរូបខាងក្រោម៖បន្ទាប់ពីអ្នកបានលេខ Serial ឬ IMIE ហើយសូម ចូលទៅទីនេះ ហើយ វាយលេខ Serial ក៏បាន IMEI ក៏បានចូលទៅក្នុងប្រអប់ខាងក្រោម ព្រមទាំងបញ្ជូលលេខកូដដែលមាននៅក្នុងរូបភាពខាងក្រោមផងដែរ។ ហើយចុច Continue ដើម្បីឆែកមើល ។
បន្ទាប់ពីអ្នកបានចុច Continue ហើយប្រសិនបើចេញលទ្ធផលដូចខាងក្រោមនោះមានន័យថាវាចាប់ iCloud ហើយប្រសិនបើទូរស័ព្ទដែលអ្នកបានទិញមកជាប់បែបនេះសូមទំនាក់ទំនងទៅ ម្ចាស់ពីមុន ដើម្បីធ្វើការដោះ iCloud ចេញ ។
ដំណោះស្រាយដែលអាចដោះ iCloud
ភាគច្រើននៃការជាប់ iCloud គឺបណ្តាលមកពីការមិនដឹងលេខសម្ងាត់ Apple ID ដែលជាចំណុចខ្វះខាត ហើយលោកអ្នកត្រូវជៀសវាង ជាពិសសគឺការប្រើគណនី Apple ID របស់អ្នកដទៃ ។ លោកអ្នកដែលគិតទេថា ជាទូទៅមានការកំណត់ឲ្យ iPhone backup ទិន្នន័យចូល iCloud? បើអ្នកប្រើគណនីអ្នកដទៃ មានន័យថា លោកអ្នកកំពុងចែករំលែកព័ត៌មាននៅក្នុង iPhone ជាអ្នកដទៃផងដែរ ! សូមប្រយ័ត្នចំណុចនេះ!ដំណោះស្រាយទី១៖ វិធីធម្មតា
ប្រសិនបើអ្នកបានដឹងលេខសម្ងាត់របស់ Apple ID ឬដឹង Email ដែលបានបង្កើត Apple ID នោះអ្នកអាចធ្វើការលុប iCloud បានយ៉ាងងាយ ។ប៉ុន្តែប្រសិនបើលោកអ្នកបានទិញ iPhone មួយទឹករួចហើយ បន្ទាប់មកបានអនុវត្តន៍ការ Update iOS ពីមួយជំនាន់ទៅមួយជំនាន់ ស្រាប់តែបានជាប់ iCloud Activation Lock ដែលទាមទារឲ្យលោកអ្នកវាយលេខសម្ងាត់នៃគណនីដែលបានភ្ជាប់ជាមួយនឹង iPhone នោះ ។ តើធ្វើដូចម្តេច ទើបលោកអ្នកអាចដឹងលេខសម្ងាត់បានទៅ បើមិនទាំងស្គាល់ម្ចាស់ទូរស័ព្ទផងនោះ? វាជាបញ្ហាដែលកំពុងតែមានចំពោះអ្នកទិញទូរស័ព្ទ ដោយមិនបានពិនិត្យ ឬសូម្បីតែម្ចាស់ហាងទូរស័ព្ទខ្លះ ក៏មិនបានពិនិត្យដែរ ហើយព្យាយាមលក់ឲ្យអតិថិជន ក្នុងតម្លៃធូរថ្លៃ ដោយមិនមានការធានាជាដើម ។
ដំណោះស្រាយទី២៖ ជួសជុសដោយប្រើបច្ចេកទេសជំនាញ
លោកអ្នកអាចនិយាយបានថា នេះជាវីធីចុងក្រោយ ដែលលោកអ្នកត្រូវជ្រើសរើសក្នុងការដោះស្រាយបញ្ហា iCloud Activation Lock នេះ ដែលវាអាចប្រសើរជាងលោកអ្នកចោលទូរស័ព្ទ ។ វិធីនេះតម្រូវឲ្យលោកអ្នកប្រើសេវាជួសជុល លើបច្ចេកទេសជំនាញ ដែលត្រូវចំណាយប្រាក់ប្រហែលជាង ២០០ ដុល្លារ ជាដើម ។ល។ សម្រាប់អ្នកប្រើ iPhone និង iPad បើមានចំណាប់អារម្មណ៍ លើសេវានេះ សូមទំនាក់ទំនង មកសំបុកអាយធី ដើម្បីពិភាក្សា និងសាកសួរតម្លៃសេវាក្នុងការជួសជុស ហើយក៏មានការធានាសងប្រាក់វិញដែរ បើមិនដំណើរការ ។សេចក្តីសន្និដ្ឋាន
ដូច្នេះ ដើម្បីជៀសវាងការជាប់ iCloud Activation Lock លោកអ្នកត្រូវឲ្យម្ចាស់ទូរស័ព្ទ ឬអ្នកដែលចង់លក់ iPhone នោះឲ្យអ្នក សូមធ្វើការ Update ឬ Restore ទៅ iOS ជំនាន់ណាមួួឬ iOS ជំនាន់ចុងក្រោយ កាន់តែប្រសើរ ។ បើដំណើរការនោះបានជោគជ័យ លោកអ្នកនឹងប្រាកដ ១០០% ថា iPhone លោកអ្នកនឹងមិនជាប់ iCloud ឡើយ ។តើលោកអ្នកធ្លាប់បានដោះស្រាយតាមវិធីដទៃផ្សេងពីនេះដែរឬទេ? បើមានសូមចែករំលែកព័ត៌មានលោកអ្នក តាមប្រអប់សំណួរខាងក្រោម ឬបើមានគន្លឹះលម្អិត ក្រុមការងារសំបុកអាយធី នឹងរៀបចំចងក្រងជាឯកសារជំនួយដល់អ្នកបច្ចេកទេស សម្រាប់ការអនុវត្តន៍បន្ថែមនាពេលក្រោយ ។