អ្នកប្រហែលជាអាចផ្ញើលុយតាម Facebook Messenger
Wednesday, February 18, 2015ថ្មីៗនេះ មានព័ត៌មានមួយចំនួនបានចាប់បានរូបថតអេក្រង់ទូរស័ព្ទដែលបង្ហាញពី រូបភាពនៃដំណើរការផ្ញើប្រាក់ ដោយប្រើ Debit Card តាមរយៈកម្មវិធីផ្ញើសារ Facebook Messenger ដែលលោកអ្នកអាចធ្វើការផ្ញើប្រាក់ឲ្យគ្នាទៅវិញទៅមកបាន ។ ជាទូទៅការផ្ញើប្រាក់ ឬបង់ប្រាក់អាចដំណើរការបានជាមួយតែការប្រើប្រាស់កាត ដូចជា Debit Card, ATM Card, Credit Card ឬ Master Card ជាដើម ដែលលោកអ្នកអាចប្រើប្រាស់ក្នុងការទិញ ឬបង់ថ្លៃសេវាអ្វីមួយ ឬផ្ញើឲ្យគ្នាតាមរយៈប្រព័ន្ធធនាគារ នៃកាតនីមួយៗ ឬការប្រើប្រាស់ការចំណាយនានាលើអនឡាញ ។
កម្មវិធី Messager ដែលមានភ្ជាប់ជម្រើសក្នុងការបង់ ឬផ្ញើប្រាក់ (Payment Options) ទៅកាន់អ្នកប្រើដទៃទៀត ដោយងាយស្រួលដូចការផ្ញើរូបថតអ៊ីចឹងដែរ ។ លោកអ្នកនឹងអាចបន្ថែម ឬបញ្ចូល Debit Card ទៅក្នុងកម្មវិធីនោះ ។
ទោះជាយ៉ាងណាក្តី យើងមិនទាន់ប្រាកដថាតើ Facebook នឹងតម្រូវឲ្យលោកអ្នកបង់ប្រាក់ថ្លៃប្រើសេវា ផ្ញើប្រាក់ប្រភេទនេះ ឬអត់នោះទេ ឬប្រហែលថា Facebook នឹងបង្កើតកម្មវិធីមួយផ្សេងទៀត ដែលតម្រូវឲ្យទិញ ទើបអាចប្រើប្រាស់ការបង់ប្រាក់ប្រភេទនេះបាន ។ ការបង់ប្រាក់របស់ Facebook Messenger អាចនឹងដំណើរការជាមួយ Venmo, PayPal, Square Cash, និងកម្មវិធីដែលទាក់ទងនឹងប្រភេទបង់ប្រាក់ ។
គួរកត់សម្គាល់ថា ការផ្ញើប្រាក់ ឬបង់ប្រាក់របស់ Messenger នេះដំណើរការជាមួយតែប្រភេទ Debit Card ប៉ុណ្ណោះ (Credit Card ឬគណនីធនាគារ មិនអាចប្រើបានទេ) ។ មូលហេតុនេះបណ្តាលមកពីការប្រើ Debit Card ងាយស្រួលជាងវិធីដទៃទៀត ដែលអ្នកប្រើមិនចាំបាច់មានគណនីធនាគារ ឬតម្រូវការក្នុងការប្រើប្រាស់ Credit Card ឡើយ ហើយម្យ៉ាងវិញទៀតមកពី Debit Card មានតម្លៃសេវាក្នុងការប្រើប្រាស់ធូរថ្លៃជាងកាតដទៃ (អាចប្រហែលជា $0.40 ទៅ $0.50 ប៉ុណ្ណោះ) ។
មួយវិញទៀត គេដូចមិនសង្កេតឃើញថា មានប្រើ Paypal ជាជម្រើសក្នុងការប្រើប្រាស់វិធីបង់ប្រាក់ ឬផ្ញេរប្រាក់នៅក្នុងកម្មវិធី Messenger ឡើយ ។
បន្ថែមលើនេះទៅទៀត ការបង់ប្រាក់ ឬផ្ទេរប្រាក់នេះគឺសម្រាប់តែមនុស្សម្នាក់ ទៅម្នាក់ទៀតប៉ុណ្ណោះ ប៉ុន្តែវាប្រហែលជានឹងអាចប្រើប្រាស់បានជាមួយនឹងការផ្ញើប្រាក់ ជាក្រុមផងដែរ ហើយនឹងដាក់ឲ្យប្រើប្រាស់មុនគេ នៅប្រទេសអាមេរិក នាប៉ុន្មានខែក្រោយ និងបន្តបន្ទាប់មកកាន់ប្រទេសដទៃជុំវិញពិភពលោក បើ Facebook សង្កេតឃើញថា វាដំណើរការប្រសើរ និងពិតជាផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃ ។
តើលោកអ្នកចាប់អារម្មណ៍ជាមួយនឹងការបង់ប្រាក់ ឬផ្ទេរប្រាក់នេះកម្រិតណា? តើវាពិតជាផ្តល់ភាពងាយស្រួល និងអាចរំលែកគ្នាយ៉ាងប្រសើរដែរឬទេ? សូមដាក់មតិ លោកអ្នកនៅក្នុងប្រអប់ខាងក្រោម ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ និងការយល់ឃើញរបស់លោកអ្នក ។